Home > ព័ត៌មានក្នុងប្រទេស > 4នាក់​ពុល​ស្លាប់ ម្នាក់​ធ្ងន់​ធ្ងរ​ស្វែង​រក​មូល​ហេតុ​ពុល​មិន​ច្បាស់​មាន​ការ​សង្ស័យ​ពីជំងឺ​ឆ្លង

4នាក់​ពុល​ស្លាប់ ម្នាក់​ធ្ងន់​ធ្ងរ​ស្វែង​រក​មូល​ហេតុ​ពុល​មិន​ច្បាស់​មាន​ការ​សង្ស័យ​ពីជំងឺ​ឆ្លង

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ដែល​សុទ្ធ​សឹង​ជា​ជនជាតិដើមភាគតិចរស់នៅក្នុងភូមិថ្មី ឃុំ​ឃ្សឹម ស្រុកស្នួល កំពុងតែមានការព្រួយបារម្ភ ខណៈពេលមានប្រជាពលរដ្ឋស្រីប្រុសក្នុង​ភូមិ​ចំនួន៤​នាក់បានស្លាប់ ជាបន្តបន្ទាប់រយៈ​ពេល​បីថ្ងៃជាប់ៗគ្នាក្នុងអាការ​ដូច​ជា​ពុល និង​ក្អួត​ចង្អោរ ទន់ខ្លួន ថប់ដង្ហើម ហើយប្រកាច់បែក​ពពុះ​មាត់​ដូចគ្នា។ ការស្លាប់របស់ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ខាងលើ មន្រ្តីមន្ទីរសុខាភិបាលបានអះ​អាងថា គឺផ្តើមចេញពីការពុលអ្វីម្យ៉ាង ​មិន​មែន​ជាជំងឺឆ្លងទេ។

អ្នក​ភូមិទាំង​ប្រុស ទាំង​ស្រីចំនួនបួននាក់ បាន​​ស្លាប់ ខណៈ​ពេលដឹកយកមក​សង្គ្រោះ​នៅ​មន្ទីពេទ្យខេត្ត​​ដល់​ពាក់កណ្តាលផ្លូវ​ប៉ុណ្ណោះ ។ ការស្លាប់ជាបន្តបន្ទាប់នេះ បានកើតឡើង​តាំង​ពីថ្ងៃទី១៦ តុលា រហូតដល់ថ្ងៃទី១៨ តុលា ។

តាមព័ត៌មាន​ពីលោកអនុសេនីយ៍ទោ យ៉ាន់ ហ៊ាង នាយ​ប៉ុស្តិ៍រដ្ឋបាលឃ្សឹម បានឱ្យដឹងថា ជនរងគ្រោះទាំងបួននាក់ដែលស្លាប់បាត់​បង់​ជីវិតនោះ ១-ឈ្មោះកើន ថាន ភេទប្រុស អាយុ​២៩ឆ្នាំ ២-ឈ្មោះចក់ សុខន ភេទស្រី អាយុ​៣៤​ឆ្នាំ ៣-ឈ្មោះស្រី អាន ភេទស្រី អាយុ៣៩ឆ្នាំ និង​​៤-ឈ្មោះ​សាន គីន អាយុ៤០ឆ្នាំ ។ ពួកគេ​ទាំងបួន​នាក់នេះមានទីលំនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុក​ស្នួល ។ រហូតដល់ព្រឹកថ្ងៃទី២០ តុលា នេះ ស្រ្តី​ម្នាក់​ឈ្មោះ​ជាម ណាន អាយុ៣៦ឆ្នាំ គឺជាជន​រង​គ្រោះ​ម្នាក់ទៀតក្នុងភូមិខាងលើដែរបានកើត​អាការធ្ងន់ធ្ងរដូចគ្នា និងបានដឹកទៅសង្គ្រោះ​នៅមន្ទីពេទ្យបង្អែកខេត្ត។

តាមប្រភពព័ត៌មានជំហានដំបូងបានឱ្យ​ដឹង​ថា ការស្លាប់របស់ប្រជាពលរដ្ឋប្រុស​-ស្រី ក្នុង​ភូមិ​ខាងលើគឺផ្តើមចេញពីការពុលសាច់ក្របី តែ​ក្រោយពីកើតហេតុអាជ្ញាធរខេត្តបានចុះទៅ​ធ្វើ​ការស្រាវជ្រាវឃើញថា ការស្លាប់របស់ប្រជា​ពល​រដ្ឋទាំងនេះអាចបណ្តាលមកពីពុលស្រា.ស​ច្រើន​ជាង។

ព័ត៌មានពីភូមិកើតហេតុបានឱ្យ​ដឹងថា មុន​ថ្ងៃកើតហេតុមានសត្វក្របី​របស់​ប្រជា​ពល​រដ្ឋ​មួយក្បាលបានងាប់ដោយសារ​ហែលឆ្លងអូរ ទាក់ខ្សែជាប់និងគុម្ពឫស្សី បណ្តាល​ឱ្យ​សត្វក្របី​នោះឈ្លក់​ទឹកងាប់។ ក្រោយពី​ក្របី​ងាប់​ម្ចាស់​បានទៅស្រង់យកមកវះ​យក​សាច់​លក់ និង​ចែក​គ្នាហូបក្នុងភូមិ និង​ធ្វើ​ម្ហូបផឹកស៊ីកំដរបុណ្យ​សព​ជនរងគ្រោះឈ្មោះកើន ថាន ។ ក្រោយ​ពី​ផឹក​ស្រា.​សក្លែមសាច់ក្របីក្នុងថ្ងៃកំដរបុណ្យ​សព​នេះ​រួច​មកបាន​បណ្តាលឱ្យប្រជាពលរដ្ឋក្នុងភូមិ​កើត​អាការពុលក្អួតចង្អោរ ទន់ខ្លួន ថប់ដង្ហើម ប្រកាច់ បែកពពុះមាត់ ហើយ​​៤​នាក់​ក៏ត្រូវ​បាន​ស្លាប់​បន្ត​បន្ទាប់។

ក្រោយពីស្ថានការណ៍នេះបានកើតឡើង រួចមក នៅព្រឹកថ្ងៃទី២០ តុលា អាជ្ញាធរខេត្ត​បានបើក​កិច្ចប្រជុំស្រាវជ្រាវ​រក​បញ្ហា​ដែល​បង្ក​នេះនៅសាលាស្រុក​ស្នួលក្រោមការដឹកនាំពី​សំណាក់​លោកឧត្តមសេនីយ៍​ត្រី ជួង ស៊ាងហាក់​ ស្នងការនគរបាលខេត្ត លោក​អភិបាលស្រុក​ស្នួល ព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្ត និង​លោកប្រធានមន្ទីសុខា​ភិបាលខេត្ត មន្រ្តីប៉ូលិស​ស្រុក និងប៉ុស្តិ៍រដ្ឋបាល។ ការពិភាក្សាបាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេលពេញមួយព្រឹក ក្រុមការងារ​ក៏បាន​ចុះទៅ​ពិនិត្យមើលលើទីតាំងផលិតស្រា.ស​មួយ​ចំនួននៅ​ក្នុងឃុំឃ្សឹម ស្រុកស្នួល លើបច្ចេកទេស​នៃ​ការ​ផលិត។

លោកឧត្តសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នង​ការនគរបាលខេត្តមានប្រសាសន៍ថា ក្រោយ​ពីការចុះពិនិត្យលើទីតាំងផលិតស្រា.សមួយ​ចំនួនរួចមក អាជ្ញាធរបានសំរេចបិទទីតាំង ផលិត​ស្រា.សមួយកន្លែងក្នុងភូមិឃ្សឹមក្រៅ ឃុំ​ឃ្សឹម ស្រុកស្នួល ដោយសារតែទីតាំងមួយ​នេះ​មានបញ្ហាកង្វះអនាម័យ។

ពាក់ព័ន្ធទៅនឹងអាការរបស់ប្រជាពលរដ្ឋ​ដែលស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ខាងលើ នេះអាជ្ញាធរមិនទាន់បានបញ្ជាក់ប្រាប់អំពីលទ្ធ​ផលដែលចុះស្រាវជ្រាវនោះនៅឡើយទេ។ លោក​​ឈ្នាង សុវត្ថា ប្រធានមន្ទីសុខាភិបាលខេត្ត បាន​មានប្រសាសន៍ថា អាការជំងឺរបស់​ប្រជា​ពល​​រដ្ឋគឺមិនមែនជាប្រភេទជំងឺឆ្លងនោះទេ ហើយ​ជំនាញសុខាភិបាល ក៏មិនទាន់បានដាក់ការ សន្និដ្ឋានណាមួយលើមូលហេតុអ្វីនៅឡើយដែរ ដោយគ្រាន់តែសង្ស័យថា មូលហេតុ​អាចបង្ក​ មកពីស្រា.សច្រើនជាង។

លោកស្នងការនគរបាលខេត្តបានឱ្យដឹង​ថា អាជ្ញាធរមានសមត្ថកិច្ចរួមទាំងជំនាញសុខាភិ​បាលគឺនៅតែដុតដៃដុតជើងស្រាវជ្រាវមូល​ហេតុ​នៃការស្លាប់បន្ត​ទៀត ៕

 

Repair by : http://kohsantepheapdaily.com.kh

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: